ភ្នំបូកគោ
ភ្នំបូកគោ ភ្នំបូកគោ មានចំងាយ ៤២គីឡូម៉ែត្រពី ក្រុងកំពត ។ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល ព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ ... ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃ ក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។